កុំថាឡើយទូរស័ព្ទចល័ត សូម្បីស្រីកំដរចល័តក៏ពេញនិយមដែរ
ស្រីកំដរចល័តស្តាប់ទៅដូចជាគួរអោយទើសត្រចៀកបន្តិច។ ប៉ុន្តែបច្ចេកវិទ្យាមិនត្រឹមតែធ្វើអោយមានការិយាល័យចល័តទេ សូម្បីតែការងារស្រីកំដរតាមហាងអាហារក៏ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រែខ្លួនអោយក្លាយទៅជាស្រីកំដរចល័តផងដែរ។
ជាទូទៅនៅតាមហាងអាហារនៅផ្លូវជាតិលេខ៦A ភាគច្រើន គឺមាននារីទទួលភ្ញៀវដែលនឹងទទួលយកការអញ្ជើញ ដើម្បីបរិភោគអាហារ និងផឹកស្រាបៀរជាមួយភ្ញៀវ។ ពួកគេរកចំណូលភាគច្រើនពីលុយធីបដែលបានមកពីការផ្តល់អោយដោយភ្ញៀវដែលបានហៅពួកគេទៅអង្គុយតុអាហារជាមួយ។
ដោយអង្គុយនៅតាមខ្លោងទ្វារហាងបែបនេះ ពេលខ្លះក៏អាចធ្វើអោយពួកគេមានអារម្មណ៍ខ្មាសអៀន។ ឥឡូវមានស្រីស្អាតជាច្រើនបានសម្រេចជ្រើសរើសមិនព្រមអង្គុយតាមខ្លោងទ្វាររង់ចាំការហៅរបស់ភ្ញៀវឡើយ។ ពួកគេបានសម្រេចចិត្តធ្វើការតាមរបៀបហៅតាមទូរស័ព្ទវិញ។ មេការតាមហាងភាគច្រើនមានលេខទូរស័ព្ទរបស់ស្រីស្អាតទាំងនោះ។ ពេលដែលភ្ញៀវត្រូវការ ពួកគេអាចនឹងទូរស័ព្ទជូនភ្ញៀវហើយនាងនាងអាចនឹងមកដល់ក្នុងរយ:ពេលប្រហែលជាកន្លះម៉ោង។
ការធ្វើបែបនេះ អាចអោយស្រីស្អាតទាំងនោះធ្វើការងារចល័តចុះឡើងទៅតាមហាងផ្សេងៗគ្នា ដោយមិនចំណុះហាងណាមួយឡើយ។ នេះជាផលប្រយោជន៍មួយផ្សេងទៀតក្រៅពីមិនសូវខ្មាសគេដែលត្រូវអង្គុយនៅតាមខ្លោងទ្វារហាង។
សំខាន់ជាងនេះ ស្រីស្អាតដែលហៅតាមទូរស័ព្ទបែបនេះ ក៏អាចរកលុយធីបបានច្រើនផងដែរ។ ភ្ញៀវជាទូទៅមិនអាចហុចលុយធីបអោយនាង៥ដុល្លារ ឬ១០ដុល្លារបានឡើយ។ ជាទូទៅយ៉ាងតិចក៏២០ដុល្លារដែរ ដោយសមនឹងតម្លៃថ្លៃសាំង និងការធ្វើដំណើររបស់នាង។
ដូច្នេះដោយបានប្រែក្លាយទៅជាស្រីកំដរចល័តបែបនេះ ពួកគេអាចកាត់បន្ថយការអៀនខ្មាសតាមរយ:ការអង្គុយតាមខ្លោងទ្វារហាងរយ:ពេលយូរផង និងថែមទាំងអាចបង្កើនតម្លៃលុយធីបសម្រាប់ខ្លួនឯងផងដែរ។
ម្ល៉ោះហើយវាមិនចម្លែកទេ ដែលមានអ្នកខ្លះមាន រហូតដល់ឡានជិះ ហើយពេលខ្លះប្រុសៗដែលអោយលុយធីបនាងប្រហែលជាលេងខ្លួន ឬក៏មានរថយន្តមិនទំនើបដល់នាងនាងក៏មាន៕